អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវអ្នកឧកញ៉ា គីម ឡេង ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភជំនួយសរុបជាថវិកា ៣ម៉ឺនដុល្លារ ដល់វីរៈកងទ័ពពលីជីវិត និងជនភៀសសឹក ៧០០គ្រួសារ

(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ និង លោកជំទាវឧកញ៉ា គីម ឡេង ព្រមទាំងក្រុមគ្រួសារ បានចូលរួមតាមរយៈ លោកជំទាវឧកញ៉ា សុខ ចន្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបូកគោ ហ្វាម ឯ.ក សរុបជាទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដែលរួមមាន ទឹកពិសាអាល់កាឡាំងបូកគោចំនួន ២០០០កេស ស្បៀងអាហារ ស​ម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាសម្រាប់ជូនដល់គ្រួសារវីរៈកងទ័ពដែលបានពលីជីវិត និងបងប្អូនប្រជាជនភៀសសឹកប្រមាណ ៧០០គ្រួសារ ដើម្បីជាការដឹងគុណ ក៏ដូចជាចូលរួមរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។

ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោកជំទាវឧកញ៉ា សុខ ចន្ថា ជំនួយទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ នឹងត្រូវបែងចែកយ៉ាងយកចិត្តទុកដាក់ ដើម្បីជាចំណែកជួយសម្រួលបន្ទុក របស់សមាជិកគ្រួសាររបស់វីរៈកងទ័ពដែលបានពលីជីវិតដើម្បីបូរណភាពទឹកដីទាំង ៦គ្រួសារ រួមទាំងបងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកប្រមាណ ៧០០គ្រួសារ នៅវត្តភ្នំថ្មកំបូល ស្រុកក្រសាំង ខេត្តឧត្តរមានជ័យ។

ជំនួយចេញពីបេះដូងខ្មែរ បើទោះបីជាមិនច្រើនហូរហៀ តែមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងនោះក្រុមគ្រួសារវីរៈកងទ័ពពលី នឹងទទួលបាន ថវិកាចំនួន ៤,០០០,០០០រៀល ក្នុងមួយគ្រួសារ ព្រមទាំង អង្ករ ១៥០គីឡូ មី៤កេស ទឹកក្រូច ២កេស ទឹកពិសារអាល់កាឡាំងបូកគោ ១០កេស ព្រមទាំងទឹកត្រី/ទឹកស៊ីអ៊ីវ ២០យួរ។ ចំណែកឯបងប្អូនភៀសសឹក ទាំង៧០០គ្រួសារ ក្នុងមួយគ្រួសារ នឹងទទួលបាននូវថវិកា ៣០,០០០រៀល ទឹកពិសាអាល់កាឡាំងបូកគោ ១កេស និងកញ្ចប់គ្រឿងបរិភោគ មួយកញ្ចប់។

គួរជម្រាបផងដែរថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ «បទឈប់បាញ់» ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនបានឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន បានទទួលរងការខូចខាតជាខ្លាំង ព្រមទាំងអាចនៅមានសល់គ្រាប់បែកមិនទាន់ផ្ទុះផ្សេងៗ ដែលសល់ពីការបាញ់ប្រហារ ។ ហេតុនេះហើយទើបបានជាជំនួយពីសប្បុរសជន ពិតជាសំខាន់ ដើម្បីអាចជួយសម្រាលបន្ទុករស់នៅរបស់ពួកគាត់ ក៏ដូចជាបញ្ជាក់ថា នៅមានបងប្អូនខ្មែរយើងជាច្រើនទៀតដែលស្ម័គ្រចិត្តនៅក្បែរ រំលែកទុក្ខសោក កំដរពួកគាត់រហូតស្រុកយើងទទួលបានសន្តិភាពពេញលេញឡើងវិញ៕

Share